ខ្ញុំជឿជាក់លើការតស៊ូ…

«ខ្ញុំជឿជាក់លើការតស៊ូសេចក្តីព្យាយាមគង់បានសម្រេច និងការប្រើប្រាស់អហិង្សា សកម្មក្នុងការដោះស្រាយបញ្ហា។»

          អ្នកមីង កង គឺជាស្រ្តីម្នាក់ ដែលមានកូនចំនួន៧នាក់។ កូនប្រុសច្បងរបស់គាត់បានធ្វើ ចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។ កូនប្រុសម្នាក់ទៀតប្រកបរបរបើកឡានដឹកខ្សាច់។
អ្នកមីង កង បានរំលឹកថា មុនរបបខ្មែរក្រហមចូលមកដល់ គ្រួសាររបស់គាត់មានជីវភាព ធូរធារ។ ជីតារបស់គាត់គឺជាអតីតចៅហ្វាយស្រុកមួយរូបនៅខេត្តបាត់ដំបង។ បងប្រុស និងប្អូនប្រុស របស់គាត់គឺជាអ្នកបើកបរយន្តហោះ។
ជាអកុសល នៅពេលរបបខ្មែរក្រហមបានចូលមកដល់មិនបានយូរប៉ុន្មាន ជីតារបស់គាត់ត្រូវ​ បានខ្មែរក្រហមបញ្ឆោតឲ្យចូលរួមទទួលសម្តេចព្រះបាទ នរោត្តម សីហនុ នៅព្រលានយន្តហោះ ដែលក្រោយមកជីតារបស់គាត់ត្រូវបានខ្មែរក្រហមបាញ់សម្លាប់។ ចំណែកឯ បងប្រុស និងប្អូនប្រុស របស់គាត់ ព្រមទាំងប្រពន្ធកូនត្រូវបានខ្មែរក្រហមសម្លាប់ចោល បន្ទាប់ពីខ្មែរក្រហមស៊ើបដឹងថា អ្នក ទាំងពីរធ្លាប់បម្រើការជាទាហានរបស់ លន់​ នល់។ ជាសរុប សមាជិកគ្រួសាររបស់អ្នកមីង កង ប្រហែល ២៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម។
ដោយឡែក ចំពោះអ្នកមីង កង ត្រូវបានខ្មែរក្រហមជម្លៀសទៅធ្វើការនៅតំបន់៤ ស្រុក៤១ ខេត្តបាត់ដំបង។ នៅទៅនោះ អ្នកមីង កង ត្រូវបានតម្រូវឲ្យអូសនង្គ័លភ្ជួរស្រែជំនួសសត្វគោ។ អ្នកមីង កង បាននិយាយថា គាត់មិនអាចនឹងរៀបរាប់រួចនោះទេអំពីរឿងរ៉ាវដែលបានកើតឡើង ដោយសារតែទឹកភ្នែករបស់គាត់ចេះតែស្រក់ហូរចុះមកមិនដាច់ ដ្បិតកូនបង្កើតរបស់គាត់ចំនួន២នាក់ ក៏បានស្លាប់នៅក្នុងរបបដ៏ខ្មៅងងឹតនោះដែរ។
បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានផ្តួលរំលំនៅឆ្នាំ១៩៧៩ អ្នកមីង កង បានរស់នៅខេត្តប៉ៃលិន និងបានផ្លាស់ទៅរស់នៅជាមួយស្វាមីនៅសហគមន៍ស្ពានឆេះ ក្រោយពីបានទទួលដំណឹងអំពីគាត់ ចាប់តាំងពីឆ្នា១៩៨៤ រហូតមកដល់បច្ចុប្បន្ន។
សព្វថ្ងៃ បើទោះបីជាអ្នកមីង កង មានជំងឺទឹកនោមផ្អែមប្រចាំកាយ គាត់នៅតែប្រឹងប្រែងចូល រួមវគ្គបណ្តុះបណ្តាលនានាដែលរៀបចំឡើងដោយអង្គការក្រៅរដ្ឋាភិបាល។ ជាងនេះទៅទៀត អ្នក មីង កង តែងតែចូលរួមអប់រំផ្សព្វផ្សាយដល់អ្នកជិតខាង និងប្រជាជននៅតាមសហគមន៍ផ្សេងៗ អំពី អហិង្សាសកម្ម និងសុខភាពផ្លូវភេទ ឬជំងឺអេដស៍ ជាដើម។
អ្នកមីង កង បាននិយាយក្នុងទឹកមុខយ៉ាងមាំថា ការប្រើប្រាស់ហិង្សាក្នុងការដោះស្រាយ បញ្ហាមិនបានជួយសម្រួលនៅក្នុងវិវាទនោះទេ។ ផ្ទុយទៅវិញ ការដោះស្រាយបែបហិង្សាប្រៀបបាន ដូចជាយកសាំងទៅចាក់បន្ថែមលើភ្លើងដែលកំពុងតែឆេះសន្ធោរសន្ធៅ។ ប៉ុន្តែ ប្រសិនបើបុគ្គលណា ចេះប្រកាន់ខ្ជាប់នូវធម៌អហិង្សានៅពេលដែលខ្លួនប្រឈមមុខនឹងបញ្ហា បុគ្គលនោះរមែងនឹងទទួល បានជោគជ័យក្នុងការដោះស្រាយបញ្ហា ឬទំនាស់។ ជាលទ្ធផល បុគ្គលនោះនឹងរស់នៅប្រកប ដោយភាពសប្បាយក្នុងចិត្ត សម្រាន្តលក់ស្ងប់ស្ងល់ និងមិនសូវមានកង្វល់។ ជាក់ស្តែង អ្នកមីង កង មិនដែលតបតជាមួយនឹងប្តីរបស់គាត់នោះទេ នៅពេលដែលទំនាស់ពាក្យសម្តីបានកើតមានឡើង រវាងអ្នកទាំងពីរ។ ជារឿយៗ គាត់នៅស្ងៀមទម្រាំតែអារម្មណ៍ឆេវឆាវរបស់ប្តីគាត់បានស្ងប់ទៅវិញ។ បន្ទាប់មក គាត់បានព្យាយាមនិយាយពិភាក្សាអំពីបញ្ហា ដើម្បីរួមគ្នាដោះស្រាយ។ អ្នកមីង កង សង្កេតឃើញថា អំពើហិង្សា និងទំនាស់ពាក្យសម្តីនៅក្នុងក្រុមគ្រួសាររបស់គាត់ហាក់ដូចជាត្រូវបាន កាត់បន្ថយអស់ជាច្រើន។

ជាអនុសាសន៍ចុងក្រោយ អ្នកមីង​ កង បានផ្តាំផ្ញើរថា មនុស្សយើងកើតមកមិនអាចយកអ្វី ទៅបានទេ ក្រៅអំពីបុណ្យនិងបាប។ ហេតុដូច្នេះ មនុស្សគ្រប់រូបគួរប្រកាន់ខ្ជាប់ធម៌អហិង្សា។ មិនតែ ប៉ុណ្ណោះ គាត់ជឿជាក់លើការតស៊ូ ដែលថាសេចក្តីព្យាយាមគង់បានសម្រេច។ គាត់សង្ឃឹមថា បញ្ហា ដែលគាត់កំពុងតែជួបប្រទះនឹងត្រូវបានដោះស្រាយដោយសន្តិវិធី និងសមភាព៕

Comments