ជីដូន
ល្ងាចនេះ
ម៉ោងប្រហែល៦ ព្រះអាទិត្យអស្តង្គតបាត់ទៅហើយ
ខ្ញុំកំពុងអង្គុយផឹកផ្លែប័រក្រឡុកនៅក្បែរហាងលក់គ្រឿងទេសមួយនៅកែងផ្លូវសំដៅទៅវិទ្យាស្ថានភាសាបារាំង។

មួយសន្ទុះក្រោយមក ខ្ញុំបានឃើញរទេះមួយមានប្រអប់ក្រដាស សំបកកំប៉ុងដែលប្រើរួច និងសំបកដបជាច្រើនគជាគំនរ។ នៅក្បែរនោះ ខ្ញុំឃើញស្រ្តីវ័យចំណាស់មួយរូបមិនមានស្បែកជើង កំពុងអង្គុយនៅលើដីនៅពីមុខហាងលក់គ្រឿងទេសនោះ។ ដៃរបស់គាត់ច្រត់នៅលើជង្គង់។ គាត់បែរខ្នងដាក់ខ្ញុំ។ ដូច្នេះ ខ្ញុំមិនដឹងថាមុខមាត់របស់គាត់យ៉ាងណានោះទេ។ ខ្ញុំគ្រាន់តែអាចពិពណ៌នាអំពីរូបរាងរបស់គាត់ពីខាងក្រោយតែប៉ុណ្ណោះ។ គាត់មានមាឌតូច និងកម្ពស់មិនសូវខ្ពស់ប៉ុន្មាននោះទេ។ គាត់មានសម្បុរខ្មៅស្រអែម ប្រហែលមកពីគាត់ដើរ អូសរទេះនោះក្រោមកម្តៅថ្ងៃរាល់ថ្ងៃ។ រីឯ សក់របស់គាត់ដែលចងទៅក្រោយមានលាយស្កូវ និងស្បែកជ្រួញដោយអន្លើ។ ខ្ញុំមិនដឹងថា ហេតុអ្វីបានជាគាត់អង្គុយនៅទីនោះឡើយ? តើគាត់អង្គុយសម្រាក ដោយសារតែគាត់អូសរទេះពេញមួយថ្ងៃឬយ៉ាងណា?
មិនយូរប៉ុន្មាន ខ្ញុំបានឃើញកុមារតូចៗបួននាក់ដើរចេញពីហាងនោះ។ បងប្រុសធំបង្អស់មានអាយុប្រហែល ៧ឆ្នាំ ប្អូនប្រុសបន្ទាប់ប្រហែល៥ឆ្នាំ ប្អូនស្រីបន្ទាប់ប្រហែល៤ឆ្នាំ និងប្អូនស្រីពៅប្រហែល៣ឆ្នាំ។ កុមារទាំងបួនកាន់កំប៉ុងទឹកក្រូចម្នាក់មួយ។ កុមារម្នាក់ៗកំពុងតែបឺតទឹកក្រូចចេញពីកំប៉ុងបណ្តើរ និងញញឹមបណ្តើរ ព្រមទាំងបង្អួតទឹកក្រូចដាក់គ្នាទៅវិញទៅមក។ ស្រ្តីចំណាស់ដែលនៅអង្គុយលើដីនៅឡើយនោះ បានសួរទៅកាន់កុមារតូចៗនោះថា «ឆ្ងាញ់ទេចៅ?»
រំពេចនោះ ខ្ញុំដឹងយ៉ាងច្បាស់ថា ស្រ្តីចំណាស់រូបនោះមិនមែនអង្គុយសម្រាកនៅខាងមុខហាងនោះទេ។ ប៉ុន្តែ គាត់កំពុងរងចាំចៅៗរបស់គាត់។ ខ្ញុំមានអារម្មណ៍រំភើបនៅពេលដែលខ្ញុំបានឃើញទិដ្ឋភាពបែបនោះ។ ខ្ញុំមិន ដឹងថាតើខ្ញុំអាចពិពណ៌នាអំពីអារម្មណ៍របស់ខ្ញុំឲ្យបានត្រឹមត្រូវដោយរបៀបណានោះទេ។ សេចក្តីសុខអាចកើតឡើងបានគ្រប់ពេលវេលា និងទីកន្លែង។ ស្រ្តីចំណាស់ម្នាក់នោះ គឺជាជីដូនម្នាក់ និងជាម្តាយម្នាក់ដ៏មហិមា។ ខ្ញុំសង្ឃឹមថា កុមារតូចៗទាំងបួននោះនឹងក្លាយជាបុគ្គលល្អ នៅក្នុងសង្គមនៅពេលដែលខ្លួនធំដឹងក្តី និងចេះតបស្នងសងគុណជីដូនរបស់ខ្លួនដែលប្រឹងប្រែង ដើម្បីកុមារទាំងបួននោះ៕
Comments
Post a Comment